ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានកាន់កូនហិបដែកមួយទៅកាន់ សមត្ថកិច្ចអាវុធហត្ថ បន្ទាប់មកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលបន្ត ដើម្បីឲ្យដឹងឮ ព្រោះខ្លាចគេធ្វើបាបដោយអំពើណាមួយ បន្ទាប់ពីនាងលង់ខ្លួនចាញ់បោកជនឆបោកអស់1000ដុល្លារ រឿងទិញពន្លៃខ្មៅដើម្បីយកទៅលក់នៅអាមេរិក ហើយមានមនុស្សចុចទូរស័ព្ទទារប្រាក់បន្ថែម និងណាត់ជួបជាបន្តបន្ទាប់។
ស្ត្រីខាងលើសុំបញ្ចេញឈ្មោះ ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ ប្រទេសថៃ និងមានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ស្ត្រីខាងលើជាមួយប្តី និងកូនស្រី2នាក់បានទៅកាន់ស្នាក់ការសន្តិសុខ568 អាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់មកក៏បន្តទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត កាលពីយប់ថ្ងៃ24 មីនា ដោយអះអាងថា នាងបានចាញ់បោកមនុស្សមួយក្រុមតាមរយៈហ្វេសប៊ុក រហូតលង់ខ្លួនអស់ទឹកប្រាក់1000ដុល្លារទៀតផង។ ហើយថ្ងៃមួយមានបុរសម្នាក់ឆាតតាមហ្វេសប៊ុកជាមួយនាង ដោយគេសុំស្គាល់។ លុះទាក់ទងមួយរយៈបុរសនោះក៏បបួលរកស៊ីទិញពន្លៃខ្មៅ និងណាត់ឲ្យនាងទៅជួបដល់ខេត្តកំពង់ធំ។
នាងបន្តថា ពេលជួបគ្នា គេនាំនាងទៅមើលពន្លៃខ្មៅក្នុងភូមិមួយជិតផ្លូវបំបែកកំពង់ធំ ព្រះវិហារ និងសៀមរាប មិនតែប៉ុណ្ណោះគេប្រាប់ថា ពន្លៃខ្មៅនេះបើទិញលក់ចេញវិញចំណេញច្រើន ព្រោះ1ខាំលក់នៅទីផ្សារអាមេរិកតម្លៃរហូត3ម៉ឺនដុល្លារ ខណៈតម្លៃទិញ1ខាំមិនដល់1ម៉ឺនដុល្លារផង។ ក្រុមជននោះប្រាប់នាងថា ពន្លៃខ្មៅត្រូវថ្នាំច្រើនមុខ ហើយពួកគេពិសោធន៍ឲ្យមើលដើម្បីបញ្ជាក់ថា សុទ្ធ ឬមិនសុទ្ធ ធ្វើឱ្យនាងជឿស្លុងតែម្តង។ ដំបូងគេទារឲ្យនាងដាក់ទុន2ពាន់ដុល្លារ តែនាងបដិសេធសុំត្រឹម500ដុល្លារសិន តែពួកគេមិនព្រម នាងក៏ឡើងដល់1000ដុល្លារ។ ក្រោយពេលឲ្យប្រាក់ដល់ក្រុមនោះរួច គេក៏ហុចហិបដែកឲ្យនាងយកទៅទុក ប៉ុន្តែគេថា ដរាបណានាងឱ្យប្រាក់1000ដុល្លារទៀតទើបគេប្រគល់កូនសោរឲ្យ។ ដោយសង្ស័យម្យ៉ាងត្រូវប្តីស្តីបន្ទោស ព្រោះតែមានគេទូរស័ព្ទទារប្រាក់ញឹកញាប់ទៀត ក៏សម្រេចចិត្តទៅជួបសមត្ថកិច្ចដើម្បីឲ្យជួយដឹងឮ ព្រោះតែខ្លាចគេធ្វើបាប។
នាងបន្តទៀតថា ដំបូងទៅកាន់ស្នាក់ការសន្តិសុខ568 អាវុធហត្ថ លុះសួរនាំរួចនាងប្រាប់ថា បានប្រគល់ចុងសន្លឹកអត្តសញ្ញាណប័ណ្ណឲ្យក្រុមនោះធ្វើឲ្យនាងព្រួយបារម្ភ ហើយមន្ត្រីអាវុធហត្ថក៏ណែនាំឲ្យទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលវិញ។ លុះទៅដល់សមត្ថកិច្ចសួរនាំពីដំណើរដើមរឿង ក៏គាស់ហិបនោះមើលទាំងអស់គ្នាដឹងអីជាពន្លៃធម្មតាសោះ។
យ៉ាងណាក៏ដោយនារីខាងលើអះអាថា មិនស្គាល់អត្តសញ្ញាណក្រុមជនសង្ស័យទេ ហើយពេលនេះហ្វេសប៊ុកដែលធ្លាប់ទាក់ទងគ្នានោះក៏បិទអស់ដែរ។
ជុំវិញករណីនេះ ប្រធានស្នាក់ការសន្តិសុខ568អាវុធហត្ថក្រុងប៉ោយប៉ែត និងមេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែតប្រាប់ថា គ្រួសារខាងលើមិនបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែគាត់សុំឲ្យជួយដឹងឮ និងពាក់ព័ន្ធចុងសន្លឹកអត្តសញ្ញាណប័ណ្ណខ្លាចក្រុមជនសង្ស័យយកទៅប្រព្រឹត្តិអ្វីខុសច្បាប់បន្ថែមទៀតប៉ះពាល់ដល់គ្រួសាររបស់គាត់៕ប្រភពអត្ថបទ៖ កោះសន្តិភាព