ខេត្តប៉ៃលិន ៖ យាយតាចំណាស់ទុរគត២នាក់ប្តី-ប្រពន្ធសុំដីគេសង់ផ្ទះស្នាក់នៅ អស់រយៈពេលជាង១០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ កំពុងតែមានការខ្វះខាត អត់មានអាហារទទួលទានគ្រប់គ្រាន់ទេ ដោយរស់នៅពឹងទៅលើអ្នកជិតខាងទាំងស្រុង ។ សព្វថ្ងៃលោកតាជាប្តី មានជំងឺលើសឈាម រីឯប្រពន្ធកាន់តែចាស់ខ្សោយកម្លាំង មិនអាចរកស៊ីអ្វីកើត ទើបពួកគាត់ទាំង២ រស់ក្នុងខ្ទម ដែលគេសង់ឱ្យ ទាំងមានការលំបាកយ៉ាងខ្លាំង ហើយប្រាថ្នាសុំឱ្យមានអាហារហូបគ្រប់គ្រាន់ មុននឹងអស់ជីវិត ។
លោកតាទុរគតខាងលើ ឈ្មោះឃុត ផល្លា អាយុ៧៥ឆ្នាំ មានប្រចាំកាយ (ស្ពឹកដៃជើង) និងលោកយាយជាប្រពន្ធ ឈ្មោះវ៉ា ស៊ីថេត អាយុ៧១ឆ្នាំ មានស្រុកកំណើតរស់នៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ បច្ចុប្បន្ន រស់នៅក្នុងខេត្តប៉ៃលិន ដោយសុំដីគេសង់ខ្ទមស្នាក់នៅ អស់រយៈពេលជាង១០ឆ្នាំមកហើយ ត្រង់ចំណុចបថ្មី ភូមិបយ៉ាខាង ក្រុងប៉ៃលិន ។
បើតាមការរៀបរាប់ពីលោកយាយជាប្រពន្ធឱ្យដឹងថា ដោយសារជីវភាពមានការខ្វះខាត គ្មានកូនចៅនឹងគេ ទើបពួកគាត់ទាំងពីរនាក់ បាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ចាម មករស់នៅខេត្តប៉ៃលិនអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយសុំដីបុរសម្នាក់ឈ្មោះ អ៊ិន ម៉ៅ អាយុ៥០ឆ្នាំ ស្នាក់នៅធ្វើការស៊ីឈ្នួលដាំដំឡូងមី និងជម្រះស្មៅពោតអ្នកភូមិបានប្រាក់យកមកចិញ្ចឹមជីវិត ។
ប្រភពបន្តទៀតថា ប៉ុន្តែរយៈពេល២ឆ្នាំកន្លងទៅនេះ ដោយសារលោកតាមានជំងឺប្រចាំកាយ មិនអាចចេញទៅណារួច ហើយគាប់ជួននឹងលោកយាយកាន់តែមានវ័យចំណាស់ ទើបរហូតមកដល់បច្ចុប្បន្ន ពួកគាត់បានត្រឹមតែស្នាក់នៅក្នុងខ្ទមរង់ចាំឱ្យអ្នកជិតខាងផ្តល់បាយសម្លព្រឹក-ល្ងាច ដើម្បីរស់ប៉ុណ្ណោះ ។ គាត់បញ្ជាក់ទៀតថា នៅឯស្រុកកំណើតមានបងប្អូនកូនក្មួយមួយចំនួនដែរ តែមិនធ្លាប់បានទៅលេង ឬសួរសុខទុក្ខគាត់ម្តងណានោះទេ ខណៈពួកគេមានជីវភាពធូរធាដែរ ។
ចំណែកពួកគាត់វិញ គ្មានលទ្ធភាពរកប្រាក់បានគ្រប់គ្រាន់ ដើម្បីទៅលេងស្រុកកំណើត សម្រាប់ដង្ហើមចុងក្រោយនោះឡើយ មានតែផ្ញើជីវិតនៅលើទឹកដីខេត្តប៉ៃលិនប៉ុណ្ណោះ ហើយមានតែម្ចាស់ដី និងអ្នកជិតខាងទេ ដែលចូលរួមធ្វើបុណ្យសពគាត់នៅថ្ងៃខាងមុខ ។ គាត់ក៏សុំអំពាវនាវដល់សប្បុរសជន បើពិតជាអាណិតអាសូរដល់គាត់ សូមជួយផ្តល់ជាស្បៀងអាហារ និងថវិកាមួយចំនួន សម្រាប់គាត់បន្តរស់នៅឃើញពន្លឺព្រះអាទិត្យជាច្រើនថ្ងៃថែមទៀត ។
ទោះបីជាយ៉ាងណា កាលពី១សប្តាហ៍កន្លងទៅនេះ ខាងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក៏បាននាំយកអំណោយមួយចំនួនទៅចែកជូនដល់ពួកគាត់ផងដែរ ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងភូមិក្បែរនោះរួចមក ដោយមានអង្ករ មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាមួយចំនួន ហើយថែមទាំងដឹកលោកតា និងយាយ យកមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទៀតផង ។