ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនបុរសជាប្តី ក្រោយបែកធ្លាយនិងដឹងថា បានវាយសម្លាប់ប្រពន្ធរបស់ខ្លួនរុញទម្លាក់ចូលអណ្តូង នៅព្រឹកថ្ងៃទី២៣ ខែមីនា នេះ សមត្ថកិច្ចបាននាំទៅពិនិត្យកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចក្រោល គោ ក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ដែលជាកន្លែងដែលវាយប្រពន្ធស្លាប់កាលពីជាង១ខែមុន ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះជុច អេត អាយុ៤៥ឆ្នាំ ។ ចំណែកឯស្ត្រីប្រពន្ធដែលស្លាប់ឈ្មោះអែល គីមស៊ីម អាយុ៤៣ឆ្នាំ ។ ពាក់ព័ន្ធករណីខាងលើត្រូវបានដឹងថា គឺគ្រួសារនេះមានភាពរកាំរកូសគ្នាជាយូរមកហើយ ។
នៅថ្ងៃទី២៦ ខែមមីនា ២០១៨ បុរសជាប្តីបានទៅប្តឹងមេឃុំថា ប្រពន្ធគាត់រត់ទៅបាត់ហើយសង្ស័យថា រត់តាមប្រុស ។ ប៉ុន្តែឈាមស្រែកស្បែកហៅ បុរសជាប្តីបានទៅស្រឡាញ់ស្រីក្នុងភូមិម្នាក់ តែនារីនោះបដិសេធថា មានប្រពន្ធហើយឱ្យខ្ញុំធ្វើម៉េច ។
ក្រោយពីលួងលោមស្រឡាញ់នារីនោះមិនបាន បុរសរូបនេះក៏បានសារភាពត្រង់ថា រូបគេបានសម្លាប់ប្រពន្ធចោលហើយ ទើបបែកការណ៍ដឹងដល់សមត្ថកិច្ចនគរបាលចុះចាប់ឃាត់ខ្លួនមកសាកសួរ រហូតជនសង្ស័យនេះព្រមសារភាព ។