(ឥណ្ឌា)៖ ជារឿងដែលនឹកស្មានមិនដល់ បានកើតឡើងក្នុងគ្រួសារមួយ នៅឯប្រទេសឥណ្ឌា ដែលបុរសជាប្តីហ៊ានលើកដៃជះទឹកអាស៊ីត ដាក់ពេញផ្ទៃមុខប្រពន្ធរបស់ខ្លួន ក្រោយខឹងចិត្តនឹងនាង សម្រាលកូនមកបានសុទ្ធតែស្រី។
ស្រ្តីរងគ្រោះជាប្រពន្ធ ត្រូវបានគេស្គាល់ឈ្មោះថា Farah មានអាយុ២៥ឆ្នាំ ចំណែកឯ បុរសជាស្វាមីមានឈ្មោះថា Siraj អាយុ៣២ឆ្នាំ មុខរបរជាជាងម៉ៅការសំណង់។ បច្ចុប្បន្នប្តីប្រពន្ធមួយគូនេះ រស់នៅក្នុងទីក្រុង Moradabad ជិតរដ្ឋធានីញូវដេលី (New Delhi) ប្រទេសឥណ្ឌា។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការសាងអនាគតគ្រួសារជាមួយគ្នា អស់រយៈពេលជាង ៨ឆ្នាំមកហើយ។ ប៉ុន្តែបើនិយាយពី ទំនាក់ទំនងនៅក្នុងគ្រួសារវិញ ហាក់មានភាពរង្គោះរង្គើ ឬមិនចុះសម្រុងនឹងគ្នាទាល់តែសោះ ដោយសារតែ បុរសជាប្តីតែងតែឈ្លោះប្រកែក រករឿងប្រពន្ធឥតឈប់ បន្ទាប់ពីនាងសម្រាលកូនបានសុទ្ធតែស្រី ព្រោះថាប្តីរបស់នាង ចង់បានកូនប្រុសច្រើនជាង។
បើយោងតាមការអះអាង ពីនារីរងគ្រោះជាប្រពន្ធ នាង Farah បាននិយាយថា គ្រួសារខាងប្តីរបស់នាង តែងតែរករឿង គាបសង្កត់ ទាមទារប្រាក់សំណង (ចំណងដៃ) យ៉ាងខ្លាំងពីរូបនាងជាញឹកញាប់ បន្ទាប់ពីនាងសម្រាលបានកូនទីពីរ ជាកូនស្រីទៀត ដែលមិនមែនជាកូនប្រុស រហូតឈានដល់ថ្នាក់វាយតប់ លើរូបរាងកាយនាង និងកូនស្រីនាងថែមទៀតផង។
អ្វីដែលរឹតតែឈឺចាប់ជាងនេះទៅទៀតនោះ កាលពីថ្ងៃ ៨ មីនា ដែលជាទិវាសិទ្ធនារីអន្តរជាតិ កំឡុងពេលដែលនាងកំពុងតែគេងលង់លក់នៅលើគ្រែ ស្រាប់តែប្តីកំណាចរបស់នាង បានយកទឹកអាស៊ីតជះពេញលើផ្ទះមុខនាង បណ្តាលឲ្យរងការរលាកយ៉ាងដំណំ ក្នុងគោលបំណងប៉ុនប៉ងសម្លាប់ជីវិតនាងតែម្តង។
នាង Farah បានបន្ថែមថា សព្វថ្ងៃនាងតស៊ូរស់ ទាំងរងការធ្វើទារុណកម្មពីប្តី និងគ្រួសារខាងប្តី ដោយសារតែ នាងគិតគូរពីអនាគត ក៏ដូចជាសេចក្តីសុខដល់កូនៗស្រីទាំងពីរបស់នាងតែប៉ុណ្ណោះ ទើបបានជានាងមិនហ៊ានដាច់ចិត្ត ចង់ចាកចេញទៅណា។ ហើយនាងក៏មិនដែលនឹកស្រមៃទេថា ប្តីរបស់នាងបែរជាហ៊ានធ្វើរឿងដ៏សាហាវបែបនេះ លើរូបនាងនោះឡើយ។ ប៉ុន្តែនៅពេលនេះ Farah អះអាងថា នាងនឹងមិនលើកលែងឲ្យប្តីនាងជាដាច់ខាត។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នប៉ូលិសក៏កំពុងតែធ្វើការស៊ើបអង្កេត លើករណីមួយនេះ នឹងតាមចាប់ខ្លួនបុរសជាប្តី ចិត្តកំណាចរូបនោះ ដែលបានរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។ ខណៈឯនារីរងគ្រោះជាប្រពន្ធវិញ បច្ចុប្បន្នសម្រាកព្យាលបាលរបួសនៅមន្ទីរពេទ្យ ៕