ក្មេងស្រីអាយុ១៦ឆ្នាំសុំម្តាយទៅផ្សារទិញខោរអាវ ស្រាប់តែបាត់នាងមិនឃើញមកផ្ទះបីថ្ងៃក្រោយមកស្រាប់តែ... - Welcom to Komsan khmer

Thursday, March 22, 2018

ក្មេងស្រីអាយុ១៦ឆ្នាំសុំម្តាយទៅផ្សារទិញខោរអាវ ស្រាប់តែបាត់នាងមិនឃើញមកផ្ទះបីថ្ងៃក្រោយមកស្រាប់តែ...


យុវតីវ័យជំទង់ម្នាក់ បានសុំម្តាយចេញទៅផ្សារទិញខោអាវ រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ រហូតដល់៣ថ្ងៃក្រោយមក ក៏ស្រាប់តែត្រូវបានគេប្រទះឃើញសាកសពដេកស្លាប់ក្បែរផ្លូវ ក្នុងសភាពហើមស្អុយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសង្កែល្អក់ ចម្ងាយពីផ្លូវថ្នល់ក្រួសក្រហម ប្រហែល២៥ម៉ែត្រ ស្ថិតក្នុងភូមិខ្នាផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន។

សាកសពយុវតីរងគ្រោះខាងលើ មានឈ្មោះឡី រស្មី អាយុ១៦ឆ្នាំ មានលំនៅភូមិកកោះជ្រុំ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ធុំក្លិនស្អុយចម្លែកទើបសង្ស័យ ក៏ដើរទៅរកមើលតាមក្លិន ស្រាប់តែប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ ក្នុងស្ថានភាពហើមស្អុយទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។
ក្រោយទទួលបានសេចក្តីរាយការណ៍ថា ប្រទះឃើញសាកសពនារីម្នាក់ភ្លាម លោកវរសេនីយ៍ត្រី បូយ សាគុណ អធិការរងទទួលបន្ទុកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានដឹកនាំកម្លាំងជំនាញត្រួតពិនិត្យកន្លែងកើតហេតុ រហូតស្គាល់ពីអត្តសញ្ញាណសព រួចក៏ផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកពិនិត្យ និងទទួលយកសាកសព។
តាមសម្តីឪពុកម្តាយនារីរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ កូនស្រីរបស់ពួកគាត់ (យុវតីរងគ្រោះ) បានសុំពួកគាត់ទៅទិញខោអាវនៅផ្សារបន្ទាយស្រី រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយភ័យឆោឡោ ដើរតាមស្វែងរកសព្វកន្លែង តែមិនមានដំណឹងទាល់តែសោះ។
ក្រោយមកពួកគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ខ្នាសណ្តាយ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកកូនស្រីរបស់គាត់ត្រឡប់មកវិញ។
ឪពុកម្តាយនារីរងគ្រោះ បន្តថា រហូតមកដល់វេលាយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍ខ្នាសណ្តាយ សហការជាមួយពួកគាត់ រួមនឹងកម្លាំជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាយោធាកងពលធំលេខ២ ដែលជាប់សង្ស័យថាបានល្បួងនាំកូនស្រីរបស់គាត់ចេញទៅ ប៉ុន្តែក្រោយមក ត្រូវបានឪពុកមារបស់ជនសង្ស័យជាយោធាកងពលធំលេខ២ បានធានាខ្លួនជនសង្ស័យត្រឡប់ទៅផ្ទះវិញ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីវែកមុខជនដៃដល់ជាឃាតករ នាំយកមកផ្តន្ទាទោសតាមច្បាប់។
សាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ប្រភព ៖ នគរធំ