វត្តសំពៅប្រាំ គឺស្ថិតនៅ ទីខ្ពង់រាប នៃភ្នំបូកគោដែលសព្វ ថ្ងៃនេះរាជការ បានតាំងជា ទីក្រុងទេសចរណ៏មួយយ៉ាង សំខាន់ដែលសម្រាប់យកខ្យល់អាកាសស្អាតស្អំនៅឯមាត់ សមុទ្រ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយពីដើមនៅក្នុងឃុំ កោះតូច ស្រុកកំពត ខេត្តកំពតប៉ុន្តែសព្វថ្ងៃគេកាត់ចេញ ដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់ចេញពី ខេត្តកំពត។ សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មី ឱ្យទាន់សម័យ ឯផ្លូវថ្នល់ ដែលលូនក្រវេចក្ររៀនតាមចង្កេះភ្នំកាត់ជាជ្រោះឡើងទៅខ្ពង់បុព្វតានេះក៏បានក្រាលថ្ម ចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធុនបើកបរ គ្មានលំបាកទេលើកលែងតែរថយន្ត តែរថយន្តធំវែងៗបើកបរពុំបានត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។
ផ្លូវឡើង នេះមានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣(ផ្លូវកំពត-វាលរិញ) ទៅមាន ៣២គ.ម ប៉ុនែ្តដោយសារផ្លូវបត់បែនហើយត្រូវឡើងជាដរាបផងរថយន្តបើកពុំសូវលឿន ប៉ុន្មានទេ។ ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអ៊ឺរ៉ុបដែល ជាអាណាព្យាបាលស្រុកយើងគឺ លោក ហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅឯ ប្រទេសកម្ពុជាបានចាត់កសាងហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។
កាលពីសម័យ កសាងនោះដោយទ្រង់ថា បារាំងរៀបចំធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ ពួកគេដូច្នេះ ព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ ព្រះពុទ្ធិសាសនាភ្លាម ដែរគឺព្រះអង្គទ្រង់ សាងអារាមមួយ ដោយមានកូនវិហារតូចមួយ នឹងចេតិយឡើងមួយ ដែរ។សំណង់វត្តនេះ តាំងលើដីខ្ពស់ ជាកំពូលភ្នំ ដ៏មានផែនថ្មធំៗ នៅពាសពេញចម្លែក ជាងគេគឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយប្រមាណជាជាង១០មែត្រ និងមានកំពស់ ប្រហែលជិត១០មែត្រដែរ។ទ្រង់ទ្រាយផែនថ្មនេះមានភាពសំប៉ែតខ្ពស់ទ្រទុងនៅតំរៀប គ្នាជាប្រាំសន្លឹក មានសណ្ឋានដូច ក្តោងសំពៅត្រដាង។
ដោយឃើញរូបភាពនៃថ្មទាំង ប្រាំផែននេះមាន សណ្ឋានដូចសំពៅ៥ កំពុងបើកក្តោង ហើយការកសាង ក៏ត្រូវធ្វើនៅ ជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា “ វត្តសំពៅប្រាំ ” ។ កាលបើ បានឈ្មោះនេះហើយអ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើងដែលដកស្រង់ពីរឿង មានស្រាប់មកហើយគឺរឿងព្រះថោងនាងនាគនោះឯង ៖ ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ្តចខ្មែរយើងមួយអង្គព្រះនាមព្រះថោង។
រឿងដើមនៃក្សត្រអង្គនេះគឺ ព្រះអង្គជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតំរូវឱ្យព្រះអង្គ គោរពបូជាព្រះអនុជពៅ ម្ល៉ោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្ស ពួកចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយមានដើមធ្លកមួយដើមដុះនាកណ្តាលវាល ខ្សាច់នោះ។ព្រះអង្គបញ្ឈប់ពលរេហ៏ នៅទីនោះសម្រាកព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើងព្រះអង្គយាងមួយព្រះអង្គឯងលំហែរកាយតាមមាត់សមុទ្រកាន់ តែឆ្ងាយទៅៗ ស្រាប់តែឮសំលេង មនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិត បានជួបនឹងនាង នាគដែលកំពុងនាំភិលៀងមកកំសាន្តឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសូមឱ្យព្រះអង្គ តោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាន នាគថ្វាយបង្គំព្រះភុជង្គនាគ ជាព្រះបិតា។ លុះព្រះអង្គ តាមព្រះនាង ទៅដល់ឋាននាគ អស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេក នាំមហេសីមកឋានមនុស្សវិញ។
កាលនោះព្រះ បាទភុជង្គនាគបានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះ រាជបុត្រមកគ្រប់គ្រងរាជ្យនៅ ឋានមនុស្សលោក។ សំពៅទាំង៥នោះ បើកក្តោងសំដៅ មាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតំរៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយ មានទីទួលខ្ពស់ រៀបចំកសាងជា ទីក្រុងឡើង។ ឯសំពៅទាំងប្រាំនោះក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរទៅណាមកណាទ្រង់គង់ ក្រសាលតាមព្រះចិន្តា។
ពលរេហ៏ទាំង៥០០នាក់ក៏ដង្ហែព្រះថោង និងនាងនាគទៅចាប់ ស្ថាបនាទីក្រុងរាជនិវេសន៏ ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ លុះអស់កាលជា យូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះក៏កឿង នៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួ សំពៅទៅក្នុងដីនៅសល់តែក្តោងទាំង៥ដែលគេឃើញសព្វថ្ងៃនេះ។ នេះហើយជារឿង ព្រេងដែលអ្នកស្រុកប្រឌិតភ្ជាប់នឹងស្ថានភាពវត្តនៅលើភ្នំបូកគោ។
ប៉ុនែ្តបើតាមការស្រាវ ជ្រាវវិញវត្តនេះពុំមែនជា វត្ថុបុរាណណាស់ ណាទេ ក៏ជាវត្តថ្មីមួយដែលព្រះករុណាព្រះ បាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការ អាណាព្យាបាលបារាំង គេស្ថាបនាទីតំបន់បូកគោធ្វើជាទីលំហែរ សម្រាប់យកខ្យល់ត្រជាក់តាមធាតុអាកាសស្រុកអ៊ឺរ៉ុប
កាលនោះរាជការបារាំងគេបាន ថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គស្ថាបនាជាព្រះ ដំណាក់មួយនៅបូកគោ នោះ ដូច្នោះហើយព្រះអង្គក៏ផ្តួចផ្តើមព្រះទ័យកសាងជាវត្តមួយ នេះឡើងដោយជ្រើសរើសយកទីទួលដែលជាប់នឹងផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះ វិហារមួយតូចតែស្អាតស្អំ និងចេតីយមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់យក នាភាភិធេយ្យថា “វត្តសំពៅប្រាំ”គឺយកតាមលំនាំទីកន្លែងលើទួលនោះដែលមានសន្លឹក ផែនថ្មធំៗដូចជា ក្លោងសំពៅប្រាំផ្ទាំងឋិតនៅត្រង់នោះស្រាប់។ សព្វថ្ងៃបូកគោជាទីមនោ រម្យមួយសម្រាប់ ទេសចរណ៏ ធ្វើដំណើរទៅ លំហែរសម្រាកកាយ នៅគ្រប់ពេលឈប់ សម្រាកម្ល៉ោះហើយវត្តសំពៅប្រាំ ក៏ទៅជារម្យណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។