ស្រីណាទ្រាំមបាន!!! ប្រពន្ធកូនខ្ចីកន្លះខែ ប្តីវាយដំទាស់សសៃ រួចនាំស្រីថ្មីដេកក្នុងផ្ទះ បញ្ឈឺចិត្ត - Welcom to Komsan khmer

Monday, March 26, 2018

ស្រីណាទ្រាំមបាន!!! ប្រពន្ធកូនខ្ចីកន្លះខែ ប្តីវាយដំទាស់សសៃ រួចនាំស្រីថ្មីដេកក្នុងផ្ទះ បញ្ឈឺចិត្ត


ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនបានរយៈពេលប្រមាណកន្លះខែប៉ុណ្ណោះ ស្រាប់តែត្រូវប្តីកំណាចប្រើអំពើហិង្សាវាយដំ រហូតដល់ទាស់សរសៃ អត់ទឹកដោះឱ្យកូនបៅ និងថែមទាំងនាំស្រីថ្មីមកដេកដល់ក្នុងផ្ទះ បញ្ឈឺចិត្តប្រពន្ធទៀតផង ធ្វើឱ្យស្ត្រីជាប្រពន្ធអត់ទ្រាំនឹងទង្វើរបស់ប្តីលែងបាន ក៏ដាច់ចិត្តបីកូនចុះចេញពីផ្ទះ ទាំងគ្មានលុយកាក់ជាប់ខ្លួន គ្មានទីជំរក និងគ្មានទឹកដោះឱ្យកូនតូចបៅទៀត ចេះតែដើររសាត់អណ្តែត គ្មានទីពឹង រហូតដល់ដាច់ចិត្តអំពាវនាវសុំការជួយសង្គ្រោះពីសប្បុរសជន។
ស្ត្រីអភ័ព្វដែលទើបនឹងសម្រាលកូនខ្ចី បែរជាត្រូវប្តីវាយដំច្រំធាក់ រហូតដល់ទាស់សរសៃអត់ទឹកដោះឱ្យកូនបៅនេះ មានឈ្មោះយន នី អាយុ២៦ឆ្នាំ មានស្រុកកំណើតម្តុំស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកបុរសជាប្តីកំណាច មានឈ្មោះស្មាន់ អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។
នាងយន នី បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា តាមពិតនាងធ្លាប់មានប្តីម្តងរួចមកហើយ និងបានរួមរស់បង្កើតបានកូនប្រុសម្នាក់ លុះ ក្រោយមក បុរសជាប្តីបានរត់ចោលនាងបាត់ ទុកឱ្យនាងត្រូវរស់នៅជាស្រីមេម៉ាយកូន១យ៉ាងលំបាកវេទនា។ លុះចូលដល់ឆ្នាំ២០១៥ នាងក៏បានជួបជាមួយនឹងប្តីទី២ឈ្មោះស្មាន់ និងបានរៀបការនឹងគ្នាត្រឹមត្រូវទៀតផង។ អំឡុងពេលរួមរស់ជាមួយប្តីទី២ រហូតមកដល់សព្វថ្ងៃនេះ មានបង្កើតបានកូនប្រុសចំនួន២នាក់ ក្នុងនោះ កូនប្រុសច្បង ទើបនឹងមានអាយុ១០ខែប៉ុណ្ណោះ ចំណែកកូនប្រុសទី២ ដែលនាងបីជាប់នឹងដៃនេះ ទើបនឹងមាន អាយុកន្លះខែប៉ុណ្ណោះ។
នាងយន នី បន្តទាំងអួលដើមកថា ដំបូងឡើយនាងធ្វើការនៅក្នុងហាងទន្លេសាប ចំណែកប្តីធ្វើការនៅក្នុងពេទ្យធ្មេញមួយកន្លែង តែក្រោយមក បន្ទាប់ពីសម្រាលកូនប្រុសទី១ នាងក៏បានឱ្យប្តីឈប់ធ្វើការចុះ នៅផ្ទះមើលថែកូនតូចទៅ ចំណែកនាងសុខចិត្តរ៉ាប់រងចេញធ្វើការងារ រកប្រាក់មកដោះស្រាយជីវភាពគ្រួសារ។ អំឡុងពេលរួមរស់នឹងប្តីនេះ នាងមិនដែលមានសេចក្តីសុខ នោះទេ តែងត្រូវប្តីវាយដំធ្វើបាបសព្វបែបយ៉ាង ដោយសារតែប្តីរបស់នាងគឺជាមនុស្សញៀនថ្នាំផង ជាមនុស្សប្រមឹកផង។
នាងយន នី បានឱ្យដឹងទៀតថា ប្តីកំណាចរបស់នាងវាយតប់នាងគ្មានត្រាប្រណី និងគ្មានយោគយល់អ្វីទាំងអស់ សូម្បីតែនាងទើបនឹងសម្រាលកូនទី២ មិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវប្តីនេះវាយតប់នាងរហូតដល់ទាស់សរសៃលែងមានទឹកដោះឱ្យកូនបៅ លុះនាងទ្រាំលែងបានក៏នាំកូន ប្រុសទាំង២ ចេញពីផ្ទះ ទៅរស់នៅស្រុកកំណើតជាមួយម្តាយបានរយៈពេល៩ថ្ងៃ ត្រឡប់មកផ្ទះវិញ ដើម្បីយកកូនមកឱ្យប្តីជួយចិញ្ចឹម ស្រាប់តែមកដល់ឃើញប្តីកំពុងដេកនៅជាមួយស្រីថ្មីម្នាក់ទៀតនៅក្នុងផ្ទះ លុះនាងសួរនាំ ស្រាប់តែប្តីច្រឡោតខឹង រករឿងទាញកាំបិតដេញចាក់នាង ធ្វើឱ្យ នាងភ័យបីកូនតូចរត់គេចទាំងព្រលឹងចុងសក់។
នាងយន នី បានបញ្ជាក់ថា ពេលនេះ នាងមិនមានទីពឹងអ្វីទៀតទេ ទើបសម្រេចចិត្តទុកកូនទី១ ដែលទើបនឹងមានអាយុ១០ខែ ឱ្យប្តី ជាអ្នកជួយមើលថែ តែត្រូវប្តីនិយាយថា គេមិនចិញ្ចឹមទេ ហើយគេនឹងយកកូននេះទៅដាក់មណ្ឌលកុមារកំព្រា ចំណែកនាង ដោយមិនអាចទ្រាំ រស់នៅជាមួយប្តីកំណាច ដែលធ្វើបាបនាងទាំងផ្លូវចិត្តផ្លូវកាយ វាយដំនាងមិនអស់ចិត្ត ថែមទាំងមានស្រី នាំគ្នាចូលមកដេកដល់ក្នុងផ្ទះក្បត់ចិត្តនាងទៀត ទើបនាងសម្រេចចិត្តចាកចេញ ដោយចេះតែបីកូនដើររសាត់អណ្តែតគ្មានទីពឹងបែបនេះទៅ ណាមួយគ្មានលុយកាក់មួយរៀលជាប់ខ្លួន ណាមួយគ្មានទឹកដោះឱ្យកូនបៅទៀត ពិសេសគ្មានជម្រកស្នាក់នៅ មិនដឹងជាទៅដេកពួននៅកន្លែងណាទេ។
ដោយសារតែភាពទីទ័ល គ្មានទីពឹង ហេតុនេះទើបស្ត្រីអភ័ព្វខាងលើ បានលើកដៃសំពះអំពាវនាវសុំការសង្គ្រោះពីសប្បុរសជន មេត្តាជួយឧបត្ថម្ភជាថវិកាដល់នាង គ្រាន់មានលទ្ធភាពជួលផ្ទះស្នាក់នៅ ទិញទឹកដោះគោឱ្យកូនបៅ រង់ចាំរឹងដៃជើងចេញធ្វើការរកប្រាក់ចិញ្ចឹមជីវិតវិញ ដោយខ្លួនឯង។ សប្បុរសជនអាចទាក់ទងឧបត្ថម្ភ តាមរយៈនាងយន នី ដោយផ្ទាល់ លេខទូរស័ព្ទ ០៩៦ ៨៣ ០០ ៩៧៧៕ប្រភព​toutovnews