ស្វាយរៀង៖ មានករណីរន្ធត់មួយ ដែលភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញសាកសពក្មេងស្រីម្នាក់ ត្រូវគេរំលោភសម្លាប់ និងយកថ្មសង្កត់ ពន្លិចទឹកកែងស្រែ ដែលហេតុការណ៍នេះ ធ្វើឱ្យផ្អើលប្រជាពលរដ្ឋកាលវេលាម៉ោងជាង ៣ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិ តាពៅ សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។
មកទល់ពេលនេះ នារីរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ ដោយគ្រាន់តែដឹងថា នាងមានឈ្មោះ ក្នុងគណនីហ្វេសប៊ុកថា «Somalin Sovan» គឺជាបុគ្គលិកធ្វើការ នៅក្នុងកាសុីណូ នៅក្រុងបាវិត ។
បើយោងតាមប្រភពព័ត៌មាន ដែលទទួលបានពីការបង្ហោះចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ បានទៅលេងស្រុកកំណើត ដើម្បីធ្វើខួបកំណើតឱ្យក្មួយ ហើយពេលវិលត្រឡាប់មកបម្រើការងារនៅក្រុងបាវិតវិញ បានជិះរថយន្តឈ្នួលមួយគ្រឿង ស្រាប់តែត្រូវគេរំលោភ និងប្លន់យកទ្រព្យសម្បត្តិ រួចសម្លាប់ ដោយរឹតក រួចហើយបានយកសាកសពទៅចោលនៅក្បែរ របងផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ករណីខាងលើនេះ ធ្វើឱ្យប្រជាពលរដ្ឋមានក្ដីអាណិតអាសូរជាពន់ពេកចំពោះជនរងគ្រោះ មិនគួរណាជនល្មើស ធ្វើសកម្មភាពយ៉ាងព្រៃផ្សៃដល់ថ្នាក់នេះសោះ ៕