រតនគិរី ៖ យុវតីដ៏ស្រស់ស្អាតជនជាតិទំពួនម្នាក់ ជាសិស្សថ្នាក់ទី១១ នៅសាលាសម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុង ត្រូវបានជនមិនស្គាល់មុខចាប់រំលោភ រួចមួលកសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅក្នុងចម្ការដំឡូងមី។
ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង ៣០នាទីព្រឹក នៅក្នុងចម្ការដំឡូងមីក្បែរផ្លូវក្រាលក្រួសក្រហមប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់។
ក្រោយពីមានការភ្ញាក់ផ្អើលនោះ ត្រូវសមត្ថកិច្ចការិយាល័យវិទ្យាសាស្ត្រ និង បច្ចេកទេស នៃស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីប៉េអឹម ស្រុក ខេត្ត និង មន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត ចុះធ្វើកោសលវិច័យផងដែរ។ ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចឱ្យសារព័ត៌មានដឹងថា ជនរងគ្រោះ មានឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី១១ នៅសាលា សម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុង រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចដដែលបានបន្តទៀតថា នៅលើដងខ្លួនសាកសពឃើញមានស្នាមរបួសមួលបំបាក់ក និង ស្នាមរយះក្បាល និង បែកជង្គង់ទាំងសងខាង និង ប្រដាប់ភេទរបួសយ៉ាងដំណំ ហើយតាមការប៉ាន់ស្មានរបស់សមត្ថកិច្ច ជនរងគ្រោះមុនពេលស្លាប់ គឺជនល្មើសបានច្របាច់ក រួចមួលកបន្ថែម ហើយជនសង្ស័យមិនមែនម្នាក់ឯងនោះទេ ចាប់ពីរនាក់ឡើងទៅ។ បច្ចុប្បន្ន សាកសពបានប្រគល់ទៅឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចកំពុងស្វែងរកមុខឃាតកឱ្យខានតែបាន។
ជុំវិញព័ត៌មានខាងលើនេះ ត្រូវបានឪពុកម្តាយជនរងគ្រោះដែលមានឈ្មោះ ខាំ ឡាកេល អាយុ៥២ឆ្នាំ ជាឪពុក និង ម្តាយមានឈ្មោះ តក់ ដូច អាយុ៥០ឆ្នាំ បានរៀបរាប់ថា កូនគាត់ស្លាប់ជាកូនទី៦ (កូនពៅ) នៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក កូនស្រីរបស់គាត់ដែលជានារីរងគ្រោះនេះ បានសុំឪពុកម្តាយមកទីរួមខេត្តរតនគិរី ជិះម៉ូតូម៉ាកសង់ C125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1C-4009 ជិះម្នាក់ឯង ដោយប្រាប់ឪពុកម្តាយថាកម្មវិធីនៅភោជនីយដ្ឋានរតនលីនា ទល់មុខសាលា សម្តេចឪ សម្តេចម៉ែ ដើម្បីមករាំរបាំប្រពៃណីជនជាតិទំពួនឱ្យអង្គការមីឌីវ័ន្ត។
ឪពុកម្ដាយជនរងគ្រោះបានបន្តថា នាថ្ងៃអាទិត្យ នោះដែរ ដល់ម៉ោង ៧ យប់ ឪពុកម្តាយបានទូរស័ព្ទទៅរកកូនជាច្រើនដងតែគ្មានអ្នកទទួល ទើបនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ម្ចាស់ចម្ការឈ្មោះ សួង សុខលី ឃើញម៉ូតូជនរងគ្រោះឃ្លាតពីសាកសព២០ម៉ែត្រ ហើយដើរទៅមុខឃើញសពនារីរងគ្រោះ និង មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និង សមត្ថកិច្ច។
តាមប្រភពព័ត៌មានពីឈ្មោះ ថង សៃ ភេទស្រី អាយុ២០ឆ្នាំ ជាសិស្សរៀនជាមួយគ្នា និង ធ្វើការអង្គការមីឌីវ័ន្ត បានឱ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១១ ថ្ងៃត្រង់ អង្គការខាងលើបានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា ធម្មជាតិរបស់អ្នក ហើយអញ្ជើញនារីរងគ្រោះមករាំរបាំជនជាតិទំពួន ដល់ម៉ោង ១២ ចប់កម្មវិធីនារីរងគ្រោះឈ្មោះ កេល លាភ នៅហូបបាយរួមគ្នាជាមួយមិត្តភ័ក្ដិជាច្រើនទៀត រហូតដល់ម៉ោង ៣ រសៀលទើបបែកគ្នាអស់ ហើយមិត្តភ័ក្ដិមិនដឹងនារីរងគ្រោះទៅណាខ្លះទេ ទើបមកដល់ថ្ងៃនេះមានការភ្ញាក់ផ្អើលដឹងថា នារីរងគ្រោះត្រូវគេរំលោភសម្លាប់៕