ភ្នំពេញ ៖ ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ថាបានប្រទះឃើញគ្រាប់ម៉ាក M79 មួយគ្រាប់ចងភ្ជាប់នឹងទុយោធុងទឹករថយន្តម៉ាកឡិចស៊ីស RX.330 មួយគ្រឿង ខណ:ដែលម្ចាស់រថយន្តបានយកមកជួសជុលនៅយានដ្ឋានមួយកន្លែងនៅខណ្ឌទួលគោក កាលពីថ្ងៃទី០៩ មីនា ២០១៨ ។
បើតាមការបំភ្លឺរបស់ឈ្មោះ ងួន ហួត ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់រថយន្តឡិចស៊ីស ពណ៌សស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2V-7668 បានអះអាងថា ខ្លួនបានទិញរថយន្តនេះពីឈ្មោះ ស៊ីណា លីម៉េង ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកគក់ជេររថយន្ត កាលពីឆ្នាំ២០១៤ ចាប់តាំងពីទិញមកខ្លួនមិនដែលអោយអ្នកណាខ្ចីជិះទេ។
ហើយក៏មិនដែលមានទំនាស់ជាមួយអ្នកណាដែរ លុះមកដល់ព្រឹកថ្ងៃទី៩ មីនា ខ្លួនក៏បានយករថយន្តខាងលើមកទុក នៅកន្លែងជាង ដើម្បីជួសជុលធ្វើហ្វឺត ព្រោះហូរប្រេងម៉ាស៊ីនផ្នែកខាងក្រោម នៅយានដ្ឋានយីហោ ជាង វៃ រួចខ្លួនក៏ទៅផ្ទះវិញ រហូតមកដល់ម៉ោងប្រហែល១៥និង៣០នាទី ថ្ងៃដដែល ខ្លួនបានទទួលព័ត៌មានពីជាងបានទូរស័ព្ទមកប្រាប់ថា មានគ្រាប់ចងភ្ជាប់នឹងទុយោស្អំធុងទឹកខាងក្រោមរថយន្ត ពេលនោះខ្លួនក៏ជិះមកកន្លែងជួសជុល ក៏ឃើញគ្រាប់ម៉ាក M79 មួយគ្រាប់ ត្រូវបានជាងកាត់ទំលាក់ចុះក្រោមរួចហើយ ។